៦ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបើកសម្ពោធសាខាស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ដែលជាធនាគារពាណិជ្ជ ដែលជាដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ ធនាគារបានក្លាយជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។
មកទល់នឹងពេលនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានស្នាក់ការកណ្តាលចំនួន ១ កន្លែង និង ៥០ សាខាខេត្ត/ក្រុង និងស្រុកដែលជាតំបន់សក្តានុពល ដែលមានបុគ្គលិកចំនួនជាង ១,៦០០ នាក់វ័យក្មេង ស្វាហាប់ ចេះច្នៃប្រឌិត មានការប្តេជ្ញាខ្ពស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់ បានចូលរួមក្នុងការជម្រុញឲ្យអាជីវកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កាន់តែមានស្ថេរភាព និងរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្តល់នូវភាពសម្បូរបែប ផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដល់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានទ្រព្យសរុបប្រហែល ៨០០ លានដុល្លារអាមេរិក ដែលមានប្រាក់បញ្ញើសរុបប្រហែល ៦០០ លានដុល្លារអាមេរិក ប្រាក់ផ្តល់កម្ចីសរុបមានប្រហែល ៥០០ លានដុល្លារអាមេរិក និងកំពុងបម្រើតម្រូវការហិរញ្ញវត្ថុប្រហែល ៨0,000 អតិថិជននៅតំបន់។ ធនាគារបង្កើតឲ្យមានប្រព័ន្ឌវាយតម្លៃឥណទាន (Loan Origination System), ការបើកគណនីតាមរយៈអនឡាញ, ដាក់ឲ្យប្រើប្រាស់ប័ណ្ណឥណពន្ធវីសា និងបង្កើនមុខងារជាច្រើនក្នុងសេវាធនាគារចល័តរបស់ខ្លួន ដែលស្របតាមទីផ្សារដែលកំពុងជឿនលឿនផ្នែកប្រព័ន្ធទំនើបកម្ម។
ទន្ទឹមនឹងនោះធនាគារបានបង្កើនដើមទុនរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការថ្មីរបស់អតិថិជនដោយប្រតិបត្តិតាមការកំណត់បស់ធនាគារជាតិនៃកម្ពុជា ហើយធនាគារបានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនឡើងដល់ចំនួន ១០ សាខាបន្ថែមក្នុងឆ្នាំបន្ទាប់ ទៅតាមនិន្នាការអភិវឌ្ឍន៍ដោយមិនឈប់ឈរនៃប្រព័ន្ធធនាគារ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា។
សញ្ញានៃការរីកចម្រើននេះគឺអាស្រ័យដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន ហើយធនាគារសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែជួយគាំទ្រជឿជាក់ធនាគារក្នុងរយៈកាលកន្លងមក ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអតិថិជនទាំងអស់នឹងបន្តគាំទ្រប្រើប្រាស់ផលិតផលសេវាកម្មរបស់ធនាគារយើងខ្ញុំបន្តទៀត។
ក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារនឹងផ្តល់ជូនពិសេស អត្រាការប្រាក់ ៦,៦% ក្នុងឱកាសអបអរសាទរខួប ៦ឆ្នាំនៃការបង្កើតធនាគារចាប់តាំងពីឆ្នាំ ២០១៣។ សូមមកកាន់សាខាធនាគារ ប្រៃសណីយ៍កម្ពុជ ក.អ ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីធ្វើការបង្កើតគណនីសន្សំ ឬចូលទៅកាន់គេហទំព័រសម្រាប់ការបើកគណនីអនឡាញ https://acc.cambodiapostbank.com/ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬចុច Like ទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។