CPBank ផ្តល់តម្លៃខ្ពស់ទៅលើទំនាក់ទំនងល្អ និងការយល់សុខទុក្ខរបស់បុគ្គលិក និងអតិថិជន

នាព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែមេសា ឆ្នាំ២០២០ គណៈគ្រប់គ្រងនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ រួមមានប្រធាននាយកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិធនធានមនុស្ស បានចុះជួបសំណេះសំណាលសួរសុខទុក្ខរបស់បុគ្គលិកតាមបណ្តាសាខាមួយចំនួនក្នុងរាជធានីភ្នំពេញ។

គណៈគ្រប់គ្រងនៃធនាគារ តែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ទៅលើការទំនាក់ទំនងល្អ និងយល់ពីសុខទុក្ខរបស់បុគ្គលិក និងអតិថិជន។ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ CPBank បានយកចិត្តទុកដាក់ខ្លាំងលើបុគ្គលិក និងអតិថិជនម្នាក់ៗ ដើម្បីស្វែងយល់ពីការលំបាក និងសិក្សាលទ្ធភាពផ្សេងៗដែលធនាគារអាចជួយគាំទ្របាន”។

ឆ្លៀតក្នុងឱកាសនេះផងដែរ គណៈគ្រប់គ្រងរបស់ CPBank បានថ្លែងអំណរគុណដល់លោកនាយក-នាយិកាសាខាទាំងអស់ដែល ខិតខំប្រឹងប្រែងបំពេញការងារយ៉ាងលំបាក និងបានលើកទឹកចិត្តឲ្យពួកគាត់នៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើស្ថានភាពដ៏លំបាកមួយនេះ។  ជាពិសេសគណៈគ្រប់គ្រង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនដែលតែងតែផ្តល់ទំនុកចិត្ត ជឿជាក់ និងនូវតែបន្តប្រើប្រាស់សេវារបស់ធនាគារ ទោះបីស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ ដែលជម្រុញឱ្យធនាគារបន្តរីកចម្រើនកាន់តែខ្លាំងដោយសម្រេចបាននូវទ្រព្យសកម្មជិត ១ ពាន់លានដុល្លារ។ យើងនឹងតស៊ូឆ្លងកាត់ការលំបាកនេះជាមួយគ្នា ហើយខ្ញុំប្រាកដថា យើងនឹងឈ្នះលើការលំបាកបំផុតនេះ​ នាពេលខាងមុខនេះ ។